ប្រព័ន្ធចុះបញ្ជីអត្តសញ្ញាណឧបករណ៍ទូរគមនាគមន៍ប្រើស៊ីម
ប្រព័ន្ធចុះបញ្ជីអត្តសញ្ញាណឧបករណ៍ទូរគមនាគមន៍ប្រើស៊ីម (ប្រព័ន្ធ EIRS)៖ ប្រព័ន្ធ EIRS បង្កើតឱ្យមានថ្នាលកណ្ដាលមួយ សម្រាប់ចុះបញ្ជីលេខអាយម៉ីនៃទូរសព្ទចល័តឬឧបករណ៍ប្រើស៊ីមទាំងឡាយ ហើយកំណត់ត្រានៃការចុះបញ្ជីលេខអាយម៉ីទាំងអស់ ត្រូវបានរក្សាទុកដើម្បីបង្កើតជាមូលដ្ឋានទិន្នន័យលេខអាយម៉ីថ្នាក់ជាតិ ។
ប្រព័ន្ធ EIRS ត្រូវបានបង្កើតឡើងដោយអនុក្រឹត្យលេខ ៤១ របស់រាជរដ្ឋាភិបាលកម្ពុជា ហើយក៏អនុវត្តតាមការណែនាំជាសកល ដោយសហភាពទូរគមនាគមន៍អន្តរជាតិ (ITU) និងសមាគមជីអេសអឹម (GSMA)។
ប្រព័ន្ធ EIRS មានគោលដៅបង្កើនកិត្យានុភាព នៃសេដ្ឋកិច្ចសង្គម របស់ព្រះរាជាណាចក្រកម្ពុជា ដោយធ្វើនិយ័តកម្ម លើឧបករណ៍ប្រើស៊ីម ជាពិសេសទូរសព្ទចល័ត នៅទូទាំងប្រទេស។
មុខងារពិនិត្យមើលស្ថានភាពលេខអាយម៉ី៖
មុខងារពិនិត្យមើលស្ថានភាពលេខអាយម៉ី៖ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ដាក់ឱ្យដំណើរការ ប្រព័ន្ធចុះបញ្ជីអត្តសញ្ញាណឧបករណ៍ទូរគមនាគមន៍ប្រើស៊ីម (ប្រព័ន្ធ EIRS) ដែលអនុញ្ញាតឱ្យអ្នកប្រើប្រាស់ អាចពិនិត្យមើលស្ថានភាពលេខអាយម៉ី នៃទូរសព្ទចល័តឬឧបករណ៍ប្រើស៊ីម តាមរយៈប្រព័ន្ធ EIRS តាមវិធីដូចខាងក្រោមដោយឥតគិតថ្លៃ៖
• គេហទំព័រ៖ www.eirs.gov.kh
• កម្មវិធីទូរសព្ទចល័ត៖ ទាញយកកម្មវិធី “IMEI KH” ពី Play Store ឬ App Store
• សេវា USSD៖ ចុច *1205# ហើយធ្វើតាមការណែនាំ
• សេវាសារខ្លី៖ វាយ “CHK <ដកឃ្លា> <លេខអាយម៉ី ១៥ខ្ទង់>” រួចបញ្ជូនទៅលេខ 1205
ស្ថានភាពលេខអាយម៉ី នឹងត្រូវបានបង្ហាញជា២ផ្នែក គឺភាពត្រឹមត្រូវនៃលេខអាយម៉ីជាមួយប្រព័ន្ធ EIRS និងការចុះបញ្ជីលេខអាយម៉ីជាមួយប្រព័ន្ធ EIRS ដែលមានការណែនាំពីរបៀបចុះបញ្ជីលេខអាយម៉ីដោយស្វ័យប្រវត្តិទៅក្នុងប្រព័ន្ធ EIRS ក្នុងដំណាក់កាលលើកលែងនៃការចុះបញ្ជីឥតបង់ថ្លៃ ផងដែរ។
អ្នកប្រើប្រាស់ គួរតែពិនិត្យមើលស្ថានភាពលេខអាយម៉ីទាំងអស់ ដែលមានក្នុងទូរសព្ទចល័តតាមរយៈប្រព័ន្ធ EIRS ហើយមិនគួរទិញទូរសព្ទចល័តទាំងឡាយណា ដែលមានលេខអាយម៉ីមិនត្រឹមត្រូវ មកប្រើប្រាស់ទេ។
លេខអាយម៉ី៖
• លេខអាយម៉ី (IMEI – International Mobile Equipment Identity) គឺជាលេខសម្គាល់ជាអន្តរជាតិសម្រាប់ទូរសព្ទចល័តឬឧបករណ៍ប្រើស៊ីម ដែលមានចំនួន ១៥ (ដប់ប្រាំ) ខ្ទង់ ចែកចេញជាទម្រង់ដូចខាងក្រោម៖
– លេខ ៨ (ប្រាំបី) ខ្ទង់ដំបូង ជាលេខកូដសម្គាល់យថាប្រភេទឧបករណ៍ (Type Allocation Code – TAC)
– លេខ ៦ (ប្រាំមួយ) ខ្ទង់បន្ទាប់ ជាលេខរៀងឧបករណ៍ (Serial Numbers – SNR)
– លេខ ១ (មួយ) ខ្ទង់ចុងក្រោយ ត្រូវប្រើប្រាស់សម្រាប់ត្រួតពិនិត្យលេខអាយម៉ី។
ទូរសព្ទចល័តមួយ អាចមានលេខអាយម៉ីលើសពីមួយ ទៅតាមចំនួនស៊ីមនៃទូរសព្ទចល័តនីមួយៗនោះ ហើយលេខអាយម៉ីទាំងនោះ អាចរកមើលឃើញ ដោយចុច *#06# នៅលើផ្ទាំងលេខនៃទូរសព្ទចល័តរបស់លោកអ្នក ឬរកឃើញនៅលើប្រអប់ដើមដែលភ្ជាប់មកជាមួយទូរសព្ទចល័ត។
លេខអាយម៉ី គឺគ្រាន់តែកំណត់អត្តសញ្ញាណទូរសព្ទចល័តឬឧបករណ៍ប្រើស៊ីមតែប៉ុណ្ណោះ ដោយមិនពាក់ព័ន្ធនឹងអត្តសញ្ញាណនៃអ្នកប្រើប្រាស់ឡើយ។
ដំណាក់កាលលើកលែងនៃការចុះបញ្ជីឥតបង់ថ្លៃ៖
គឺជាដំណាក់កាល ១ឆ្នាំដំបូង ក្នុងការដាក់ឱ្យដំណើរការប្រព័ន្ធ EIRS ចាប់ពីថ្ងៃទី ០១ ខែវិច្ឆិកា ឆ្នាំ២០២៣ រហូតដល់ ថ្ងៃទី ៣១ ខែតុលា ឆ្នាំ២០២៤ ដោយអនុញ្ញាតឱ្យទូរសព្ទចល័តឬឧបករណ៍ប្រើស៊ីមទាំងអស់ ចុះបញ្ជីលេខអាយម៉ី ដោយស្វ័យប្រវត្តិទៅក្នុងប្រព័ន្ធ EIRS ឥតបង់ថ្លៃ ដោយគ្រាន់តែដាក់ស៊ីមកាតឬអ៊ីស៊ីមឱ្យដំណើរការនៅក្នុងឧបករណ៍នោះ រួចធ្វើការហៅទូរសព្ទចេញឬផ្ញើសារខ្លីទៅលេខទូរសព្ទណាមួយជាការស្រេច។
ក្នុងដំណាក់កាលលើកលែងនៃការចុះបញ្ជីឥតបង់ថ្លៃ វានឹងមិនមានផលប៉ះពាល់អ្វីទាំងអស់ដល់សេវាទូរសព្ទចល័ត ដែលផ្តល់ដោយប្រតិបត្តិករ Smart ប្រតិបត្តិករ Metfone ប្រតិបត្តិករ Cellcard និងប្រតិបត្តិករ Seatel ។
សារៈប្រយោជន៍
ទប់ស្កាត់ការប្រើប្រាស់ទូរសព្ទចល័តឬឧបករណ៍ទូរគមនាគមន៍ប្រើស៊ីមក្លែងក្លាយ និងបង្កើនគុណភាពនៃសេវាទូរគមនាគមន៍ នៅក្នុងប្រទេសកម្ពុជា។
កាត់បន្ថយបទល្មើសចោរកម្ម នៃទូរសព្ទចល័តឬឧបករណ៍ទូរគមនាគមន៍ប្រើស៊ីម និងបង្កើនសន្តិសុខសាធារណៈ នៅក្នុងប្រទេសកម្ពុជា។
ទប់ស្កាត់ការនាំចូលខុសច្បាប់ នៃទូរសព្ទចល័តឬឧបករណ៍ទូរគមនាគមន៍ប្រើស៊ីម និងលើកកម្ពស់ការប្រកួតប្រជែងដោយស្មោះត្រង់ នៅក្នុងប្រទេសកម្ពុជា។